“ឱ! ខេត្តកោះកុងឋិតក្នុងចិត្តខ្ញុំ ជាឋានសួគ៌សុខភិរម្យ ក្សេមក្សាន្តសុខុម ដែលខ្ញុំស្នេហា ទេសភាពទាំងឡាយផ្សព្វផ្សាយគន្ធា គឺជាគ្រឿងអលង្ការ មករចនាសម្រស់កោះកុង”។ ដោយគ្រាន់តែអានមួយប្រយោគដំបូងនៃបទចម្រៀងនេះ រូបភាពទាំងឡាយដែលបានបង្ហើរសំនៀងដោយលោក ស៊ីន ស៊ីសាមុត ហាក់អង្រួនចិត្តអ្នកស្ដាប់ទាំងឡាយចង់ទៅឃើញខេត្តកោះកុងនោះផ្ទាល់។
ពីដើមឡើយ ការទៅកាន់ខេត្តកោះកុងទាមទាឲ្យធ្វើដំណើរទាំងជើងគោក និងជើងទឹក ហើយការធ្វើដំណើរនោះទៀតសោត ក៏ត្រូវចំណាយពេលពេញមួយថ្ងៃឯណោះ។ បច្ចុប្បន្ន អ្នកដំណើរទាំងឡាយអាចទៅដល់ទីនោះតាមផ្លូវក្រាលកៅស៊ូដ៏រលោង ស្រិល ប្រហែល៦ទៅ៧ម៉ោងប៉ុណ្ណោះពីរាជធានីភ្នំពេញ។អមសងខាង ផ្លូវទៅកាន់ខេត្តនោះ ព្រៃឈើតូចធំ ជួភ្នំបន្តគ្នារដឹក ជ្រលងភ្នំចោទសន្លឹម ជាពិសេសព្រែកដែលតភ្ជាប់ពីសមុទ្រមានទឹកថ្លាឈ្វេង ធ្វើឲ្យអ្នកដំណើរទាំងឡាយត្រូវបង្ខំចិត្តបើកវាំងននរថយន្ត សម្លឹងមើលទិដ្ឋភាពទាំងនោះពុំដាក់ភ្នែក។
ទីរួមខេត្តកោះកុង ដែលមានព្រែកដ៏ស្រស់ស្អាត មើលទៅហាក់នៅពុំទាន់មានការអភិវឌ្ឍអ្វីច្រើននៅឡើយទេ។ ស្ពានដ៏វែងបំផុតមួយប្រវែងជិត២គីឡូម៉ែត្រ ឆ្លងកាត់ព្រែកនេះ ហាក់ជួយលើកសម្រស់ទីរួមខេត្តនេះបន្តិចដែរ។ នៅពេលព្រឹកព្រលឹម ទូកនេសាទ និងទូកដឹកទំនិញតូចធំមកសំចតក្នុងព្រែកនេះ ដូចគ្នាបេះបិទនឹងការពិពណ៌នាក្នុងបទរបស់លោក ស៊ីន ស៊ីសាមុត ៖ “ជាប់ចិត្តគយគន់អរុណរាងរះ ទូកមីរដេរដាស កម្រប្រទេសទេសភាពប្រពៃ”។
ជារៀងរាល់ថ្ងៃ គេសង្កេតឃើញទាំងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ បន្តមកកម្សាន្តក្នុងខេត្តនេះឥតឈប់ឈរ ដោយសារទីនេះមានរមណីយដ្ឋានច្រើនដូចជា ឆ្នេរស្នេហ៍, ទឹកជ្រោះក្បាលឆាយព្រែកកោះ, ឆ្នេរឡាមដា, រមណីយឃុនឆាងឃុនផែន, រមណីយដ្ឋានកោះមូល, ទឹកជ្រោះតាតៃ ជាពិសេសមណ្ឌលសម្ដែងសត្វSafari World។
ថ្វីត្បិតតែខេត្តនេះហាក់នៅឆ្ងាយបន្តិចក្ដី ចំណែកផ្លូវធ្វើដំណើរក៏ត្រូវវង់កេលតាមចង្កេះភ្នំ រមណីយដ្ឋានដ៏សម្បូរបែប ជាមួយនឹងទេសភាពដ៏ស្រស់បំព្រង គឺសក្ដិសមហើយដែលភ្ញៀវធ្លាប់មកកម្សាន្តលេងខេត្តនេះលើកសរសើរ មិនដាច់ពីមាត់នោះ។ បើប្រិយមិត្ត-មិត្តយុវវ័យចង់ទៅកម្សាន្តតំបន់ទេសចរណ៍បែបធម្មជាតិ និងចង់សាកអាហារសមុទ្រស្រស់ៗតម្លៃថោក កោះកុងគឺជាជម្រើសដ៏ល្អបំផុត៕
ខាងក្រោមនេះជាវីដីអូ និង រូបភាពមួយចំនួនបង្ហាញពីទិដ្ឋភាពក្នុងទឹកដីខេត្តកោះកុង
This video show about Koh Kung Provine in Cambodia :
អត្ថបទ៖ មាស រ័ត្ន
រូបភាព by : Vutha
0 comments:
Post a Comment