រថយន្ដតួរីស បុកម៉ូតូពេញទំហឹង អូស ១០ម៉ែត្រ អ្នកបើកម៉ូតូ របួសធ្ងន់ម្នាក់
ខេត្ដកំពត ៖ អ្នកបើកម៉ូតូ សេ១២៥ ទទួលរងរបួសធ្ងន់ សន្លប់នៅនឹងកន្លែងកើតហេតុ ខណៈបើកបុកគ្នាជាមួយ រថយន្ដ ដែលបើកបរក្នុងទិសដៅ បញ្ច្រាសទិសគ្នាពីកើតទៅលិច។
ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ កើតឡើងនៅវេលាម៉ោង ២និង៥០នាទី រសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៣ នៅចំណុចលើកំណាត់ផ្លូវជាតិលេខ ៣៣ កំពត-កែប ខាងកើតសាលាឃុំត្រញំងសង្កែ ចម្ងាយប្រមាណ ៣០០ម៉ែត្រ ស្ថិតក្នុងភូមិត្រញំងកែស ឃុំត្រញំងសង្កែ ស្រុកទឹកឈូ ខេត្ដកំពត។
នគរបាលចរាចរណ៍ បានឱ្យដឹងថា រថយន្ដតួរីសបើកបរពីលិចទៅកើត ក្នុងល្បឿនលឿន ដល់ចំណុចកើតហេតុ បាន បុកម៉ូតូ សេ១២៥ របស់ជនរងគ្រោះ ចំពីមុខរថយន្ដពេញទំហឹង លាន់ឮដូចរន្ទះ អូសម៉ូតូប្រមាណ ១០ម៉ែត្រ រួមជាមួយជនរងគ្រោះផង បណ្ដាលឱ្យរងរបួសធ្ងន់ធ្ងរ។
ចំណែកអ្នកបើកបររថយន្ដវិញ ខណៈឈប់រថយន្ដដែល បុកជាប់ម៉ូតូពីខាងនោះ បម្រុងគេចខ្លួន តែត្រូវបានអ្នកនៅកន្លែងកើតហេតុ ជួយឃាត់បញ្ជូន ឱ្យនគរបាល ហើយនគរបាលនាំយកទៅសាកសួរ នៅឯអធិការដ្ឋាននគរបាលស្រុកទឹកឈូ។ ចំណែកជនរងគ្រោះ ក្រោយពី កើតហេតុបាន ៥០នាទី ត្រូវក្រុមគ្រួសារ នាំយកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកខេត្ដកំពតផងដែរ។
អ្នកបើម៉ូតូ ដែលរងគ្រោះមានឈ្មោះ មុំ វិជ្ជា ភេទប្រុស អាយុ ២៧ ឆ្នាំ មុខរបរ មន្ដ្រីនៃមន្ទីរព័ត៌មានខេត្ដកែប រស់នៅភូមិដំណាក់ចំបក់ សង្កាត់ អូរក្រសារ ក្រុងកែប ខេត្ដកែប បើកម៉ូតូម៉ាក សេ១២៥ ស៊េរី ២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត ១ជ-២៩០៧ ម៉ូតូខូចខាតធ្ងន់។ រីឯរថយន្ដ ម៉ាកតួរីស ពណ៌ខ្មៅ ពាក់ស្លាកលេខ កោះកុង ២ៅ-០៥៤៤ ។ អ្នកបើកបររថយន្ដ មិនទាន់បានស្គាល់ឈ្មោះនៅឡើយទេ។
បច្ចុប្បន្នរថយន្ដនិងម៉ូតូ ត្រូវបាននគរបាលចរាចរណ៍ ស្រុកទឹកឈូ នាំយកទៅរក្សាទុក នៅឯអធិការដ្ឋាន នគរបាល ស្រុកទឹកឈូ សម្រាប់ធ្វើការ ដោះស្រាយ ទៅតាមផ្លូវច្បាប់៕
ដោយ ៖ ដើមអម្ពិល
ផ្តល់សិទ្ធដោយ ដើមអម្ពិល
0 comments:
Post a Comment