Breaking News
Loading...
Thursday, January 17, 2013
សូមជួយចែករំលែក! Newstrov70.com សូមអរគុណចំពោះការ Like and Share ប្រិយមិត្ត។

រថយន្តដឹក ឈើគ្រញូង បើកបុកឪពុក និងកូនស្រី កំពុងជិះម៉ូតូ ស្លាប់ទាំង២នាក់

Thursday, January 17, 2013
សៀមរាបៈ មន្ត្រីនគរបាលស្រុកប្រាសាទបាគងម្នាក់ និងកូនស្រីអាយុ ៨ឆ្នាំ បានស្លាប់ភ្លាមៗ ក្រោយពេលរថយន្ត ដឹកឈើគ្រញូង១គ្រឿង បើកបុកចំពីមុខពេញទំហឹង កាលពីម៉ោងប្រមាណ ២ និង៣០នាទី រសៀលថ្ងៃទី១៧ ខែ មករា ឆ្នាំ២០១៣ តាមបណ្ដោយកំណាត់ផ្លូវជាតិលេខ៦ ខាងមុខសាលាស្រុកប្រាសាទបាគង ស្ថិតក្នុងភូមិស្ទឹង ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ចម្ងាយជិត ២០ គ.ម ពីប្រជុំជនក្រុងសៀមរាប។
បើតាមលោក មិន ចាន្ថា អធិការនគរបាលស្រុកប្រាសាទបាគង បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរនេះ បាន បង្ករឡើងដោយរថយន្តកាម៉ារីឆ្លាម ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ A2-9142 បើកបរពីទិសខាងកើត ទៅទិស ខាងលិច ចូលក្រុងសៀមរាប។ ចំណែកជនរងគ្រោះស្លាប់បាត់បង់ជីវិត ឈ្មោះ ខន ឡាយ អាយុ ៤៣ឆ្នាំ ជាមន្ត្រី នគរបាលស្រុកប្រាសាទបាគង ថ្នាក់អនុសេនីយទោ ជានាយផ្នែកវិភាគកន្លែងកើតហេតុ ចំណែកកូនស្រីឈ្មោះ ឡាយ សុម៉ាណា អាយុ៨ឆ្នាំ។
អធិការនគរបាលារូបនេះ បានបន្តឲ្យដឹងទៀតថា មុនពេលកើតហេតុជនរងគ្រោជាឪពុក បានជិះម៉ូតូម៉ាក C125 Dream ស៊េរីឆ្នាំ២០១១ ពាក់ស្លាកលេខ សៀមរាប 1K-7765 ឌុបកូនស្រីមកពីធ្វើបុណ្យនៅវត្តលលៃ ក្នុងទិសពី លិចទៅទិសខាងកើត ក៏ មានរថយន្ដមកបុកចំពីមុខតែម្ដង បណ្ដាលឲ្យឪពុក និងកូនបានស្លាប់ភ្លាមៗមួយរំពេច។
លោកបានបន្ដថា ក្រោយពីបង្ករគ្រោះថ្នាក់ម្ចាស់រថយន្ដដឹកឈើគ្រញូងរូបនោះ បានបើកទ្វាររត់បាត់ស្រមោលទុក រថយន្ដចោលនៅទីនោះ។ ចំពោះជនរងគ្រោះទាំង២នាក់ ត្រូវបានសាច់ញាតិ និងក្រុមគ្រួសារ យកសាកសពទៅ ធ្វើបុណ្យតាមប្រពៃណីយនៅភូមិរលួស។ គ្រោះថ្នាក់ចរាចរនេះ បណ្ដាលឲ្យទាំងរថយន្ដ និងម៉ូតូខូចខាតផ្នែកខាង មុខទាំងស្រុង។
នៅលើរថយន្តបង្កហេតុមានឈើគ្រញូង ១៩ដុំ អាវយោធា១ មានឈ្មោះ គង់ សុផា ជាកងទ័ពជើងគោក។ គ្រាប់ កាំភ្លើង AK ២គ្រាប់ និងសម្ភារ:ផ្សេងៗទៀត ក្នុងនោះមានបញ្ជីផ្ទេរប្រាក់ នៃធនាគារជាច្រើនសន្លឹកផងដែរ។ ទាំង រថយន្ត និងម៉ូតូ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង។ ដោយឡែក ឈើគ្រញូង ជាវត្ថុតាងទាំង១៩ដុំ លោកអធិការស្រុក បានធ្វើលិខិតប្រគល់ជួនលោកមន្ត្រីរដ្ឋបាលព្រៃឈើយក ទៅរក្សាទុក។
សូមបញ្ជាក់ថា រថយន្តដឹកឈើគ្រញូង ១គ្រឿងនេះ បានធ្វើដំណើរឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យរបស់មន្ត្រីរដ្ឋបាលព្រៃ ឈើ ដែលបានដាក់ប្រចាំការនៅចំណុចផ្លូវប្រសព្វរវាងផ្លូវជាតិលេខ៦ និងផ្លូវជាតិលេខ៦៧ ផ្លូវហាយវ៉េ បាន ប្រហែលជា ២គ.ម ប៉ុណ្ណោះ ត្រូវជួបគ្រោះថ្នាក់នេះតែម្តង។
ទោះជាយ៉ាងណា ក៏មានប្រភពមួយចំនួនបានឲ្យដឹងថា ឈើស្ទើរគ្រប់ប្រភេទទាំងមានច្បាប់ និងគ្មានច្បាប់ ត្រូវ បានក្រុមឈ្មួញដឹកជញ្ជូនឆ្លងកាត់កន្លែងត្រួតពិនិត្យ របស់សមត្ថកិច្ច ដែលក្នុងនោះមានស្នាក់ការមេព្រៃ បរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធមួយចំនួនទៀត ស្ទើរគ្រប់ច្រក ពិសេសនៅតាមបណ្ដោយដងផ្លូវជាតិលេខ៦ ផ្លូវលេខ៦៧ ផ្លូវកាត់តាមបន្ទាយស្រី ផ្លូវឆ្លងកាត់បឹងមាលាជាដើម ក្នុងភូមិសាស្ត្រខេត្តសៀមរាប។
កាលពីពេលថ្មីៗនេះ គេនៅតែឃើញមានឈើទាំងមានច្បាប់ និងគ្មានច្បាប់ ជាពិសេសប្រភេទឈើប្រណីត ក្នុង នោះមានប្រភេទឈើគ្រញូងផងដែរ ត្រូវបានចរាចរកាត់មុខមន្រ្តីរដ្ឋបាលព្រៃឈើ តែគ្មានការបង្រ្កាបនោះទេ។ ការចូលបម្រើការងារ មិនអនុវត្តន៍តួនាទី គ្មានភាពទទួលខុសត្រូវក្នុងការប្រតិបត្តិការ និងអនុវត្តច្បាប់ឲ្យមាន ប្រសិទ្ធភាពពេញលេញរបស់មន្រ្តីជំនាញនេះ ត្រូវបានគេសង្ស័យថា ក្រុមឈ្មួញរកស៊ីឈើទាំងអស់នោះ បានដាក់ សំណែនជូនរួចអស់ទៅហើយ។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាធ្លាប់បានមានប្រសាសន៍ និងផ្ដល់អនុសាសន៍ឲ្យមន្ត្រី ពាក់ព័ន្ធទាំងនោះ បន្តពង្រឹង និងអនុវត្តច្បាប់ទប់ស្កាត់រាល់បទល្មើសព្រៃឈើឲ្យមានប្រសិទ្ធិភាព និងភាពទទួល ខុសត្រូវខ្ពស់បំផុត៕










ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

0 comments:

Post a Comment

 
Toggle Footer