ភ្នំពេញ ៖ នៅទីបញ្ជាការកងរាជអាវុធហត្ថរាជធានីកាលពីព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៣មានការបិទវគ្គបំប៉នសិក្សាលើមុខជំនាញសំខាន់ៗដល់នាយពលអាវុធហត្ថគ្រប់បណ្ដាខណ្ឌនិងការិយាល័យពាក់ព័ន្ធសរុបចំនួន១៥០នាក់ដែលទើបបញ្ចប់វគ្គខ្លីរយៈពេល៥ថ្ងៃក្រោមប្រធានបទ ប្រតិបត្តិការបង្ការ ការពារសន្តិសុខ និងសង្គ្រោះប្រជាពលរដ្ឋងាយរងគ្រោះ ដែលពិធីនេះប្រារព្ធឡើងក្រោមវត្តមានលោកឧត្តមសេនីយ៍ទោយ៉ាគឹមអ៊ី មេបញ្ជាការរងកងកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ។
វគ្គបំប៉ននេះធ្វើឡើងក្រោមការបង្ហាត់បង្រៀនផ្ទាល់ដោយគ្រូៗថ្នាក់មេបញ្ជាការរងរាជអាវុធហត្ថរាជធានីនិងវេជ្ជបណ្ឌិតថ្នាក់ជាតិនិងអន្តរជាតិដែលមានឈ្មោះទី១.លោកវរសេនីយ៍ឯកពង្សសាវរិទ្ធ ទី២.លោកវរសេនីយ៍ឯកគន់ គីនី ទី៣.លោកវរសេនីយ៍ទោ ម៉ក សាវុទ្ធី ទី៤. លោកវេជ្ជបណ្ឌិត ភីតធ័រ(បរទេស) ទី៥.លោកវេជ្ជបណ្ឌិត ទី៦. ឃួន សេថា និងទី៧. លោកវរសេនីយ៍ទោ គង់ ចាន់ថន។
លោកឧត្ដមសេនីយ៍ទោយ៉ាគឹមអ៊ីមេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីបានបញ្ជាក់ថាវគ្គបំប៉ននេះធ្វើឡើងក្នុងគោលបំណងដើម្បីឲ្យកងរាជអាវុធហត្ថរាជធានីភ្នំពេញមានប្រសិទ្ធភាពបន្ថែមទៀតលើជំនាញពិតប្រាកដដែលមានស្រាប់ដូចជានគរបាលយុត្តិធម៌និងតម្រួតយោធាជាមូលដ្ឋានដែលមានចែងក្នុងអនុក្រឹត្យលេខ៧៧និងមានការយល់ដឹងច្បាប់នីតិវិធី មានការគោរពវិន័យក្រមសីលធម៌ប្រកបដោយវិជ្ជាជីវៈរបស់ខ្លួនព្រមទាំងលើកកំពស់ចំណេះដឹងនិងពង្រឹងសមត្ថភាពដើម្បីអនុវត្តភារកិច្ចចំគោលដៅប្រកបដោយប្រសិទ្ធភាពខ្ពស់សំដៅការពង្រឹងផ្នែកវិន័យសណ្ដាប់ធ្នាប់ក្នុងជួរកងរាជអាវុធហត្ថដែលជាផ្នែកមួយនៃកងយោធពលខេមរភូមិន្ទឲ្យបានល្អដើម្បីលើកកំពស់កិត្យានុភាពកងរាជអាវុធហត្ថឲ្យដូចជាកងយោធពលខេមរភូមិន្ទដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំ។លោកបន្តថាកត្តារីកចម្រើនជាច្រើនចំពោះកត្តាមនុស្ស មធ្យោបាយ ផ្លូវ ។ល។ បានធ្វើឲ្យរាជធានីទាំងមូលមានការកកស្ទះចរាចររាល់ថ្ងៃដូច្នេះតម្រូវការជាបឋមចាំបាច់តម្រូវឲមានជំនួយកំម្លាំងរួមសហការជួយសម្រួលចរាចរនៅតាមដងផ្លូវនានាក្នុងរាជធានីភ្នំពេញ ដើម្បីបញ្ចៀសការកកស្ទះឲ្យមានស្ថានភាពល្អប្រសើរឡើង ហើយពិសេសជាងនេះទៀតគឺស្ថិតក្នុងស្ថានភាពដែលព្រះរាជាណាចក្រកម្ពុជាយើងមានទុក្ខក្រាមក្រមយ៉ាងក្រៃលែងដោយសារព្រះវីរជាតិខ្មែរព្រះមហាវីរក្សត្រព្រះនរោត្តមសីហនុចូលទិវង្គតនោះ។ ដូច្នេះនាយ ពលអាវុធហត្ថទាំងអស់ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់បំផុត ធានាឲ្យបាននូវសន្តិសុខសុវត្ថិភាពដល់ប្រជាពលរដ្ឋនិងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលពិសេសកិច្ចការពារការដង្ហែព្រះបរមសព។ជាមួយគ្នានេះដែរលោកឧត្តមសេនីយ៍ទោយ៉ាគឹមអ៊ីក៏បានសំណូមពរយ៉ាងមុតមាំដល់នាយនិងពលអាវុធហត្ថរាជធានីត្រូវខិតខំអស់ពីកម្លាំងកាយចិត្តក្នុងការហ្វឹកហាត់រៀនសូត្រឲ្យបានចេះដឹងទាំងទ្រឹស្ដីនិងការអនុវត្តឲ្យបានស្ទាត់ជំនាញដើម្បីជាប្រយោជន៍ក្នុងការប្រតិបត្តិការការពាររក្សាសន្តិសុខឲ្យបានល្អក្នុងពិធីដង្ហែព្រះបរមសពអតីតព្រះមហាក្សត្រខ្មែរ។លោក ឧត្តមសេនីយ៍ទោ យ៉ា គឹមអ៊ី បានបញ្ជាក់ថា នេះគ្រាន់តែជាការហ្វឹកហាត់ដើម្បីសង្គ្រោះបឋមដល់ជនងាយរងគ្រោះពេលមានហេតុការណ៍កើតឡើង។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋកុំយល់ច្រឡំថាមានហេតុការណ៍កើតឡើងណាមួយនោះឡើយ នេះគឺជាការហ្វឹកហាត់សង្គ្រោះរបស់អាវុធហត្ថរាជធានីភ្នំពេញក្រោយពីបញ្ចប់វគ្គសិក្សាហ្វឹកហ្វឺនតែប៉ុណ្ណោះ។ ជាមួយគ្នាដែរលោកឧត្តមសេនីយ៍ទោ យ៉ា គឹមអ៊ី បានសំណូមពរដល់ប្រជាពលរដ្ឋ បើមានហេតុការណ៍កើតឡើងសូមមេត្តាសហការដោយទូរស័ព្ទមកលេខ០១៥៣០០៣០៨ និង ប្រព័ន្ធ០១២សម្រាប់បីលេខ(៥២០រហូតដល់៥៣០) ដោយមិនអស់ប្រាក់ និងមានការអន្តរាគមន៍ជាបន្ទាន់៕
កែចុងក្រោយនៅ ថ្ងៃសុក្រ ទី18 មករា ឆ្នាំ2013 ម៉ោង08:34
Thursday, January 17, 2013
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment