កម្ពុជា ត្រៀមបញ្ជូនកីឡាករចំនួន ២០ប្រភេទកីឡា ដើម្បីចូលរួមប្រកួតកីឡាស៊ីហ្គេម (Sea Games) លើកទី២៧ នៅប្រទេសមីយ៉ាន់ម៉ា (ភូមា) ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៣។មន្ត្រីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រំពឹងថានឹងអាចឈ្នះមេដាយមាសចំនួន ១០គ្រឿងពីការប្រកួតនេះ។
កម្ពុជា កំពុងត្រៀមហ្វឹកហាត់កីឡាករជាង ២០ប្រភេទ ដើម្បីចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី២៧ នៅប្រទេសមីយ៉ាន់ម៉ា ចុងឆ្នាំ២០១៣។
លោក វ៉ាត់ ចំរើន ជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោកមានប្រសាសន៍នៅថ្ងៃពុធ ទី៩ ខែមករា ថា ការប្រកួតស៊ីហ្គេម ឆ្នាំនេះ កម្ពុជា អាចដណ្ដើមបានមេដាយមាសយ៉ាងតិច ១០គ្រឿងពីការប្រកួតនេះ។ លោកថា ប្រភេទកីឡាដែលមានសក្ដានុពលអាចឈ្នះមេដាយមាស មានដូចជាប្រដាល់ ចំបាប់ តេក្វាន់ដូ វាយកូនបាល់ ប៉េតង់ និងវ៉ូវីណាម ជាដើម។
លោក វ៉ាត់ ចំរើន៖ «ជាការកំណត់យុទ្ធសាស្ត្ររបស់គណៈកម្មាធិការជាតិអូឡាំពិក គឺបានកំណត់ថា ស៊ីហ្គេមលើកទី២៧ ហ្នឹង ក្នុងឆ្នាំហ្នឹង ធ្វើយ៉ាងណាឲ្យបាន ១០មេដាយមាស ឬឲ្យបានពីរខ្ទង់ឡើង។ កាលស៊ីហ្គេមលើកមុន យើងបានមេដាយមាសចំនួន ៤ប្រភេទកីឡា ប៉ុន្តែបើរាប់គ្រឿងយើងបាន ៨គ្រឿង។ ឆ្នាំនេះ យើងកំណត់ថា ឲ្យបានមេដាយពី ១០គ្រឿងឡើងទៅ»។
មានកីឡាចំនួន ៣៥ប្រភេទ បានកំណត់ក្នុងបញ្ជីប្រកួតបឋមរបស់ប្រទេសមីយ៉ាន់ម៉ា ដែលត្រូវប្រកួតនៅថ្ងៃទី២៨-២៩ ខែមករា ឆ្នាំ២០១៣។
លោក វ៉ាត់ ចំរើន ឲ្យដឹងថា ប្រភេទកីឡាដែលត្រូវដាក់ចូលក្នុងវិញ្ញាសាប្រកួតស៊ីហ្គេមឆ្នាំនេះ មិនទាន់ប្រកាសផ្លូវការមានចំនួនប៉ុន្មានប្រភេទឲ្យពិតប្រាកដទេ ព្រោះរង់ចាំកិច្ចប្រជុំរបស់បណ្ដាប្រទេសអាស៊ាន នៅចុងខែមករា នេះ។
ក្រុមកីឡាករជម្រើសជាតិដែលរំពឹងថាមានឈ្មោះចូលរួមប្រកួតកីឡា ស៊ីហ្គេមលើកទី២៧ សុទ្ធតែមានជំនឿថា ពួកគេអាចប្រកួតឈ្នះ និងដណ្ដើមបានមេដាយជូនជាតិតែរៀងៗខ្លួន។ ពួកគេឲ្យដឹងថា ការផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តពីរាជរដ្ឋាភិបាល និងវិស័យឯកជន ជាដើមហេតុជំរុញឲ្យពួកគេខំហ្វឹកហាត់ទ្វេដង ដើម្បីឈ្នះការប្រកួតនេះ។ ត្រង់ចំណុចនេះ លោក វ៉ាត់ ចំរើន បញ្ជាក់ថា ប្រាក់រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ដែលទទួលបានក្រោយកីឡាករប្រកួត ឈ្នះមេដាយ ផ្តល់ជូនដោយរាជរដ្ឋាភិបាល និងវិស័យកន្លងមក គឺជាការលើកទឹកចិត្តឲ្យក្រុមកីឡាករយកចិត្តទុកដាក់ក្នុងការ ហ្វឹកហាត់។
លោក វ៉ាត់ ចំរើន៖ «ឆ្នាំមុនកីឡាករទទួលបានមេដាយមាសជាដើមហ្នឹង គេបានប្រាក់រង្វាន់របស់រាជរដ្ឋាភិបាល ប្រាក់រង្វាន់សម្ដេចតេជោ និងវិស័យឯកជនសរុបចូលគ្នា។ មានកីឡាករម្នាក់នោះទទួលបានប្រាក់រង្វាន់ជាង ៣ម៉ឺនដុល្លារជាង អាចធ្វើឲ្យជីវភាពកីឡាករដែលទទួលបានមេដាយ គឺជាការជំរុញទឹកចិត្តជាខ្លាំង»។
រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ប្រាក់រង្វាន់ជូនកីឡាករប្រកួតឈ្នះកីឡាស៊ីហ្គេមលើកទី២៦ នៅប្រទេសឥណ្ឌូនេស៊ី ឆ្នាំ២០១១ មេដាយមាស ១គ្រឿង ទទួលបានប្រាក់ ២៤លានរៀល ឬស្មើ ៦ពាន់ដុល្លារសហរដ្ឋអាមេរិក។ មេដាយប្រាក់ចំនួន ១៦លានរៀល ឬស្មើ ៤ពាន់ដុល្លារ និងមេដាយសំរឹទ្ធិទទួលបាន ៨លានរៀល ឬស្មើ ២ពាន់ដុល្លារ។ ក្រៅពីនេះ ក៏នៅមានប្រាក់រង្វាន់របស់លោកនាយករដ្ឋមន្ត្រី និងពីវិស័យឯកជនក្នុងមេដាយ ១គ្រឿងៗទទួលបានថវិកាចាប់ពី ១ពាន់ដុល្លារ ដល់ ៦ពាន់ដុល្លារថែមទៀត។
មន្ត្រីមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា បានឲ្យដឹងថា ឆ្នាំនេះការប្រមូលផ្ដុំកីឡាជម្រើសជាតិ នឹងធ្វើចាប់ពីពាក់កណ្ដាលខែមីនា តទៅ និងបានត្រៀមកន្លែងស្នាក់នៅសម្រាប់ផ្តល់ជូនគ្រូជម្រើសជាតិជាជន បរទេស និងអ្នកពាក់ព័ន្ធ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
ដោយ ដែន អយុធ្យា
2013-01-10
0 comments:
Post a Comment