ភ្នំពេញ: មន្ត្រីបច្ចេកទេសនានាបានធ្វើដំណើរទៅកាន់ខេត្តសៀមរាបហើយ ដើម្បីរៀបចំការប្រកួតរត់ពាក់កណ្ដាលម៉ារ៉ាតុងលើកទី១៧ នៅទីនោះ ដែលនឹងធ្វើនៅថ្ងៃទី ២ ធ្នូ។តែមួយថ្ងៃមុនព្រឹត្តិការណ៍រត់ពាក់កណ្ដាលម៉ារ៉ាតុងមកដល់ គឺថ្ងៃទី១ធ្នូ នៅទីរួមខេត្តសៀមរាបមានរៀបចំការប្រណាំងកង់ជាលក្ខណៈអន្តរជាតិមួយ ដើម្បីស្វះស្វែងរកថវិកាជួយដល់ក្មេងកំព្រា ជាពិសេសក្មេងដែលម្ដាយជាប់ពន្ធនាគារ ដើម្បីឲ្យគេបានទទួលការសិក្សា។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដែលកំពុងស្ថិតនៅ ខេត្តសៀមរាបនោះ បានឲ្យដឹងថា អ្នកចូលរួមជិះកង់ឆ្នាំនេះមានចំនួន ៧០០នាក់ដែលមកពី៣៨ប្រទេស ។ នេះជាការប្រណាំងលើកទី ៧ ដែលមាន ៣ វិញ្ញាសាគឺប្រណាំងចម្ងាយ១០០គីឡូម៉ែត្រ បុរស-នារី ៣០គីឡូម៉ែត្របុរស-នារី និង ចម្ងាយ១៧គីឡូម៉ែត្របុរស-នារី ជាលក្ខណៈគ្រួសារ។ចំពោះការរត់ពាក់កណ្ដាលម៉ារ៉ាតុងវិញ បញ្ជីត្រូវបានបិទបញ្ចប់លែងទទួពាក្យអ្នកសុំចូលរួមប្រកួតហើយ ដោយសារតែចំនួនអ្នកចូលរួមលើសពីចំនួនដែលបានគ្រោងទុកច្រើនពេក។
អ្នកចូលរួមរត់ក្នុងព្រឹត្តិការណ៍ពាក់កណ្ដាលម៉ារ៉ាតុងនៅសៀមរាប ឆ្នាំនេះ មានចំនួន៦.៣០០នាក់ ដែលក្នុងនោះ៤.១៥០នាក់ជាជនបរទេស ដែលមកពីប្រទេសចំនួន៦៧លើពិភពលោក និងជនជាតិខ្មែរចំនួន២.១៥០នាក់ គឺទាំងអ្នករត់អាជីព និង អ្នករត់កំសាន្ដសប្បាយជាលក្ខណៈគ្រួសារ។
ពេលនេះខេត្តសៀមរាប ផ្ទុកទៅដោយអ្នកមកចូលរួមក្នុងព្រឹត្តិការណ៍រត់ពាក់កណ្ដាលម៉ារ៉ា តុងអង្គរវត្តអន្តរជាតិ។ គឺមានទាំងកីឡាករ-កីឡាការិនី និង អ្នកគាំទ្រនានា៕
ថ្ងៃទី 30 វិច្ឆិកា 2012
ដោយ: រស្មី
CEN
0 comments:
Post a Comment