ការពន្យារពេលហោះហើរ ជាមួយនឹងយន្តហោះដ៏ទំនើបរបស់ក្រុមហ៊ុន Boeing ទូទាំងពិភពលោកនេះ ផ្ដើមចេញពីរដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិកដែលបានបញ្ជាឲ្យជើង ហោះហើរទាំងអស់របស់ខ្លួនផ្អាកការហោះហើរជាមួយយន្តហោះ Dreamliners រហូតដល់បញ្ហាត្រូវបានដោះស្រាយ។
ប្រតិកម្មដែលធ្វើឡើងដោយអាជ្ញាធរអាកាសចរណ៍ទូទាំងពិភពលោកគឺ បណ្ដាលមកពីបញ្ហាបច្ចេកទេសថ្មីៗនេះ ទៅលើបញ្ហាឆេះចរន្តអគ្គិសនីលើតួយន្តហោះ Dreamliners ក្នុងទីក្រុង បូស្តុន កាលពី ១០ ថ្ងៃកន្លងទៅ និងការចុះចតជាបណ្ដោះអាសន្ននៅជប៉ុន ក្រោយមានផ្សែងហុយចេញពីបន្ទប់គ្រប់គ្រងចរន្តអគ្គិសនី។
ក្រុមហ៊ុន Boeing បានសម្ដែងជំនឿចិត្តថា យន្តហោះប្រភេទថ្មីរបស់ខ្លួនគឺ មានសុវត្ថិភាពល្អ។ ទោះជាបែបនេះក្ដី ក្រុមហ៊ុនដដែលក៏និយាយថា ការស៊ើបអង្កេតត្រូវការរយៈពេលបីបួនសប្ដាហ៍ដើម្បីរកឲ្យឃើញ មូលហេតុដើម្បីឈានទៅរកដំណោះស្រាយ។
ក្រុមហ៊ុន Boeing បានបញ្ជូនយន្តហោះប្រភេទ Dreamliners ចំនួន ៥០ គ្រឿងហើយទៅកាន់អតិថិជនរបស់ខ្លួន និងមានការកុម្ម៉ង់ចំនួនជាង ៨០០ គ្រឿងផ្សេងទៀតទូទាំងពិភពលោក។
ក្រុមហ៊ុន អាកាសចរណ៍ដែលបានបញ្ជាទិញយន្តហោះពីក្រុមហ៊ុន Boeing ដូចជា ក្រុមហ៊ុន Qantas របស់អូស្ត្រាលី និង Etihad របស់សាធារណរដ្ឋអារ៉ាប់អ៊ីមឺរ៉េត បានសម្ដែងជំនឿចិត្តថា បញ្ហាទាំងអស់នឹងអាចដោះស្រាយបានដោយជោគជ័យមុនពេលដែលពួកគេ ត្រូវទទួលយកយន្តហោះកុម្ម៉ង់ពីក្រុមហ៊ុន Boeing។
គួរបញ្ជាក់ថា យន្តហោះទំនើបចុងក្រោយរបស់ក្រុមហ៊ុន Boeing គឺ Dreamliners កំពុងត្រូវបានប្រតិបត្តិការលើជើងហោះហើរចំនួន ១៥០ ទូទាំងពិភពលោករៀងរាល់ថ្ងៃ ហើយបើបញ្ហានាពេលថ្មីៗនេះមិនបានដោះស្រាយឲ្យបានសមស្របទេនោះ វាអាចប៉ះពាល់ដល់ការលក់របស់ខ្លួននៅពេលខាងមុខទៀត៕
ប្រែសម្រួល៖ Zac
ប្រភព៖ CNN
ប្រភព៖ CNN
0 comments:
Post a Comment